2. ម៉ូសេក៏ហៅបេតសាលាល និងអូហូលីអាប់ ហើយអស់អ្នកចំណានការដែលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យមានគំនិតវាងវៃ ឲ្យមក គឺជាអស់អ្នកណា ដែលមានចិត្តបណ្តាលឡើង ឲ្យមកធ្វើការនោះ
3. ម៉ូសេក៏ប្រគល់អស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលបានយកមកថ្វាយ សំរាប់ការស្អាងទីបរិសុទ្ធ ដល់អ្នកទាំងនោះ ហើយរាល់តែព្រឹកគេចេះតែយកដង្វាយថ្វាយស្ម័គ្រពីចិត្ត មកជូនម៉ូសេជានិច្ច
4. នោះអស់អ្នកចំណានការដែលកំពុងតែធ្វើទីបរិសុទ្ធ គេឈប់ធ្វើការគ្រប់គ្នា
5. ទៅជំរាបម៉ូសេថា បណ្តាជនគេចេះតែយកដង្វាយមកសំរាប់ការធ្វើនេះ បានច្រើនហួសប្រមាណពីអស់ទាំងការ ដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យធ្វើហើយ
6. នោះម៉ូសេបង្គាប់ឲ្យគេទៅប្រកាសប្រាប់គ្រប់ក្នុងទីដំឡើងត្រសាលថា កុំឲ្យអ្នកណា ទោះប្រុសឬស្រី ធ្វើការអ្វីទៀតសំរាប់ជាដង្វាយដល់ទីបរិសុទ្ធឡើយ ដូច្នេះគេក៏បញ្ឈប់ពួកជនមិនឲ្យយកមកទៀត
7. ដ្បិតមានរបស់គ្រប់គ្រាន់នឹងធ្វើការទាំងនោះហើយ ថែមទាំងសល់ផង។
8. រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ
9. ឯសំពត់១ផ្ទាំងនោះ មានបណ្តោយ២៨ហត្ថ ហើយទទឹង៤ហត្ថ រាល់តែផ្ទាំងសុទ្ធតែប៉ុនគ្នាទាំងអស់
10. គាត់ក៏ដេរ៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៥ទៀតក៏ដេរភ្ជាប់គ្នាដែរ
11. រួចគាត់ធ្វើខ្សែក្រវិលខៀវតាមជាយសំពត់ នៅចុងផ្ទាំងសំពត់ទី១ ក៏ធ្វើដូចគ្នាតាមជាយសំពត់ នៅចុងផ្ទាំងទី២