7. ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន
8. ប្រេងសំរាប់ចង្កៀង គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប និងគ្រឿងក្រអូបសំរាប់ដុត
9. ថ្មអូនីក្ស ហើយថ្មឯទៀតសំរាប់ដាំអេផូឌ និងប្រដាប់បាំងទ្រូងផង
10. ឯអស់អ្នកណាដែលមានគំនិតវាងវៃក្នុងពួកឯងរាល់គ្នា នោះត្រូវឲ្យមកធ្វើអស់ទាំងប្រដាប់ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកចុះ
11. គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ និងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងរបស់រោងនោះ
12. ហឹប និងឈើស្នែង ទីសន្តោសប្រោសវាំងននសំរាប់បាំងហឹប
13. តុ និងឈើស្នែង ព្រមទាំងប្រដាប់តុនោះ និងនំបុ័ងតាំងតុ
14. ជើងចង្កៀង អស់ទាំងចង្កៀង និងប្រដាប់ទាំងប៉ុន្មាន ហើយនឹងប្រេងសំរាប់ដុត
15. អាសនាសំរាប់ដុតគ្រឿងក្រអូប និងឈើស្នែងផង ប្រេងចាក់លាប និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
16. អាសនាសំរាប់ដង្វាយដុត ប្រទាសលង្ហិន ឈើស្នែង និងអស់ទាំងប្រដាប់អាសនានោះ ចានក្លាំ និងជើងនៃចាននោះ
17. រនាំងបាំងទីលាន អស់ទាំងសសរ និងជើងទាំងប៉ុន្មាន ហើយរនាំងនៅមាត់ទ្វារទីលានផង
18. អស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ និងទីលានព្រមទាំងខ្សែទាំងប៉ុន្មាន
19. អស់ទាំងសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុនជាសង្ឃ និងសំលៀកបំពាក់សំរាប់ពួកកូនលោកដែលធ្វើការងារជាសង្ឃ
20. នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលគេក៏ចេញពីមុខម៉ូសេទាំងអស់គ្នាទៅ។
21. ដូច្នេះ អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ សំរាប់ការងារក្នុងត្រសាលនោះ ហើយសំរាប់សំលៀកបំពាក់បរិសុទ្ធទាំងប៉ុន្មាន
22. ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក និងចិញ្ចៀន ជាប្រដាប់មាសគ្រប់មុខ មកថ្វាយជាដង្វាយមាសដល់ព្រះយេហូវ៉ា