និក្ខមនំ 35:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន

6. ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ

7. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8. ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សំរាប់​ដុត

9. ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង

10. ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ

11. គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ

12. ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សំរាប់​បាំង​ហឹប

13. តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14. ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត

និក្ខមនំ 35