1. ម៉ូសេក៏ប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម
2. គឺក្នុងរវាង៦ថ្ងៃ នោះធ្វើការបាន តែដល់ថ្ងៃទី៧ ជាថ្ងៃបរិសុទ្ធសំរាប់អ្នករាល់គ្នាវិញ ថ្ងៃនោះជាថ្ងៃផ្អាកការ គឺជាថ្ងៃឈប់សំរាកដល់ព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវសំឡាប់ចោល
3. អ្នករាល់គ្នាមិនត្រូវទាំងបង្កាត់ភ្លើងនៅក្នុងផ្ទះឯណាមួយ ក្នុងថ្ងៃឈប់សំរាកនោះផង។
4. ម៉ូសេក៏ប្រាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
5. គឺត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា ត្រូវឲ្យអស់អ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាចុះ គឺជាមាស ជាប្រាក់ ជាលង្ហិន
6. ជាល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត និងរោមពពែ
7. ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន
8. ប្រេងសំរាប់ចង្កៀង គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប និងគ្រឿងក្រអូបសំរាប់ដុត
9. ថ្មអូនីក្ស ហើយថ្មឯទៀតសំរាប់ដាំអេផូឌ និងប្រដាប់បាំងទ្រូងផង
10. ឯអស់អ្នកណាដែលមានគំនិតវាងវៃក្នុងពួកឯងរាល់គ្នា នោះត្រូវឲ្យមកធ្វើអស់ទាំងប្រដាប់ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកចុះ
11. គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ និងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងរបស់រោងនោះ
12. ហឹប និងឈើស្នែង ទីសន្តោសប្រោសវាំងននសំរាប់បាំងហឹប