6. ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ ជាបរិបូរ
7. ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។
8. នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួន ក្រាបចុះដល់ដីថ្វាយបង្គំ
9. រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
10. នោះទ្រង់មានព្រះបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខជនជាតិឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
11. ចូរប្រយ័ត្ន និងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12. ចូរប្រយ័ត្នកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ
13. ត្រូវឲ្យឯងរាល់គ្នារំលំអាសនារបស់គេ ព្រមទាំងបំបាក់បំបែករូបព្រះ ហើយបំផ្លាញអ្នកតារបស់គេចេញ
14. ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត
15. ក្រែងលោឯងតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនោះ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះនៃគេ នោះក៏ហៅឯងទៅបរិភោគយញ្ញបូជាដែរ
16. ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ
17. កុំឲ្យសិតរូបព្រះសំរាប់ឯងឲ្យសោះ។
18. លុះដល់កំណត់នៅខែចេត្រ នោះត្រូវឲ្យឯងធ្វើបុណ្យនំបុ័ងឥតដំបែ ដោយបរិភោគនំឥតដំបែក្នុងរវាង៧ថ្ងៃ ដូចជាអញបានបង្គាប់ឯងហើយ ដ្បិតគឺនៅខែចេត្រនោះហើយ ដែលឯងបានចេញពីស្រុកអេស៊ីព្ទមក។
19. អស់ទាំងកូនដែលកើតពីម្តាយមក មុនគេបង្អស់ នោះជារបស់ផងអញ ព្រមទាំងកូនច្បងរបស់សត្វឯងទាំងប៉ុន្មាន ដែលជាឈ្មោលផង ទោះបើជាគោ ឬជាចៀមក្តី
20. ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។