1. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ
2. អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញ
3. ឯងនឹងឡើងទៅឯស្រុក១ដែលមានទឹកដោះ ហើយនឹងទឹកឃ្មុំហូរហៀរ តែអញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឲ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង។
4. កាលពួកជនទាំងឡាយបានឮដំណឹងអាក្រក់នោះហើយ គេក៏មានចិត្តស្រងូតស្រងាត់ ឥតមានអ្នកណាមួយពាក់គ្រឿងលំអអ្វីឡើយ
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាជាមនុស្សមានក្បាលរឹង បើអញឡើងទៅកណ្តាលឯងរាល់គ្នាតែ១ភ្លែត នោះនឹងធ្វើឲ្យវិនាសអស់ហើយ ដូច្នេះចូរឯងរាល់គ្នាដោះគ្រឿងលំអពីខ្លួនចេញឥឡូវ ដើម្បីឲ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា
6. នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលំអទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប។
7. ម៉ូសេលោកក៏យកត្រសាលទៅដំឡើងនៅទីឆ្ងាយក្រៅពីទីដំឡើងត្រសាលរបស់គេ ហើយឲ្យមានឈ្មោះថា «ត្រសាលជំនុំ» ឯអស់អ្នកណាដែលរកព្រះយេហូវ៉ា គេក៏ចេញទៅឯត្រសាលជំនុំ ដែលនៅខាងក្រៅទីដំឡើងត្រសាលនោះ
8. កាលណាម៉ូសេចេញទៅឯត្រសាលជំនុំ បណ្តាជនទាំងអស់ក៏ក្រោកឡើងឈរនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន ទាំងមើលតាមលោកទាល់តែបានចូលផុតក្នុងត្រសាលជំនុំ
9. គ្រាដែលម៉ូសេចូលផុតទៅហើយ នោះបង្គោលពពកក៏ចុះមកស្ថិតនៅត្រង់មាត់ទ្វារត្រសាល ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសន្ទនានឹងម៉ូសេ
10. ឯបណ្តាជនគេឃើញបង្គោលពពកសណ្ឋិតនៅត្រង់មាត់ទ្វារត្រសាលជំនុំ ក៏ក្រោកឡើងថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន