និក្ខមនំ 32:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តា‌ជន​ទាំង‌ឡាយ ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។

7. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ

8. ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តា‌ជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង

10. ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។

11. នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ

12. ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ

13. សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រា‌អែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។

15. ម៉ូសេ​ក៏​វិល​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់​២​ផ្ទាំង​កាន់​ជាប់​នៅ​ដៃ​ផង ឯ​បន្ទះ​ថ្ម​ទាំង​២​នោះ​សឹង​ដ៏​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ ហើយ​ខាង​ខ្នង

16. ជា​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ

និក្ខមនំ 32