និក្ខមនំ 32:21-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ម៉ូសេ​ក៏​សួរ​ទៅ​អើរ៉ុន​ថា តើ​គេ​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​ឲ្យ​គេ​ធ្វើ​បាប​ដ៏​មាន​ទំងន់​ដូច្នេះ

22. អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ

23. គេ​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា​ទៅ ដែល​សំរាប់​នាំ​មុខ​យើង ដ្បិត​ឯ​ម៉ូសេ​នោះ ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

24. ខ្ញុំ​បាន​ឆ្លើយ​តប​ថា ដូច្នេះ​អ្នក​ណា​ដែល​មាន​មាស ចូរ​ឲ្យ​ដោះ​យក​មក​ចុះ គេ​ក៏​ប្រគល់​មក​ខ្ញុំ រួច​ខ្ញុំ​នាំ​ទៅ​បោះ​ចុះ​ក្នុង​ភ្លើង ស្រាប់​តែ​កើត​បាន​ជា​រូប​កូន​គោ​នេះ​ចេញ​មក។

25. កាល​ម៉ូសេ​ឃើញ​ថា បណ្តា‌ជន​ទាំង‌ឡាយ​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ ដ្បិត​អើរ៉ុន​បាន​បន្ធូរ​សេចក្ដី​បង្ខាំង​ដល់​គេ ព្រម​ទាំង​បើក​ឱកាស ឲ្យ​ពួក​ខ្មាំង​សត្រូវ​បាន​ដៀល‌ត្មះ​ផង

26. នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក

27. រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សំឡាប់​បង​ប្អូន និង​មិត្ត​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ

28. ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តា‌ជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់

29. រួច​ម៉ូសេ​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន​បង្កើត ព្រម​ទាំង​បង​ប្អូន​ហើយ។

30. ដល់​ថ្ងៃ​ស្អែក ម៉ូសេ​ក៏​និយាយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ណាស់ តែ​អញ​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ឥឡូវ ប្រហែល​ជា​អញ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធួន​នឹង​បាប ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រួច

31. ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តា‌ជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សំរាប់​ខ្លួន​គេ

32. តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ

និក្ខមនំ 32