17. កាលយ៉ូស្វេបានឮសូរសំឡេងរបស់បណ្តាជនទាំងឡាយ ដែលគេនាំគ្នាស្រែកដូច្នោះ នោះក៏ជំរាបម៉ូសេថា មានឮសូរចំបាំងនៅទីដំឡើងត្រសាលហើយ
18. តែម៉ូសេឆ្លើយថា តាមដែលអញឮ នោះមិនមែនជាសូរសំរែកនៃពួកដែលឈ្នះ ឬពួកចាញ់ទេ គឺជាសូរសំឡេងនៃមនុស្សដែលច្រៀងវិញទេតើ
19. លុះកាលលោកបានទៅដល់ជិតទីដំឡើងត្រសាល បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្តៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ
20. រួចលោកយករូបកូនគោដែលគេបានធ្វើនោះទៅដុតនឹងភ្លើង ក៏កិនឲ្យម៉ដ្តបាចចោលទៅលើទឹក ហើយបង្ខំឲ្យពួកកូនចៅអ៊ីស្រាអែលផឹក
21. ម៉ូសេក៏សួរទៅអើរ៉ុនថា តើគេបានធ្វើអ្វីដល់បង បានជាបងឲ្យគេធ្វើបាបដ៏មានទំងន់ដូច្នេះ
22. អើរ៉ុនឆ្លើយថា សូមកុំឲ្យលោកម្ចាស់ខឹងក្តៅឡើយ ដ្បិតទាំងខ្លួនលោកក៏គង់ជ្រាបដែរថា មនុស្សទាំងនេះចូលចិត្តតែខាងផ្លូវបាបទេ
23. គេបានប្រាប់ខ្ញុំថា ចូរធ្វើព្រះឲ្យយើងរាល់គ្នាទៅ ដែលសំរាប់នាំមុខយើង ដ្បិតឯម៉ូសេនោះ ដែលបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
24. ខ្ញុំបានឆ្លើយតបថា ដូច្នេះអ្នកណាដែលមានមាស ចូរឲ្យដោះយកមកចុះ គេក៏ប្រគល់មកខ្ញុំ រួចខ្ញុំនាំទៅបោះចុះក្នុងភ្លើង ស្រាប់តែកើតបានជារូបកូនគោនេះចេញមក។
25. កាលម៉ូសេឃើញថា បណ្តាជនទាំងឡាយបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ ដ្បិតអើរ៉ុនបានបន្ធូរសេចក្ដីបង្ខាំងដល់គេ ព្រមទាំងបើកឱកាស ឲ្យពួកខ្មាំងសត្រូវបានដៀលត្មះផង
26. នោះម៉ូសេក៏ទៅឈរនៅមាត់ទ្វារទីដំឡើងត្រសាលប្រកាសប្រាប់ថា អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរឲ្យមកឯអញចុះ នោះពួកកូនចៅលេវីទាំងអស់ក៏មូលគ្នាមកឯលោក
27. រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន និងមិត្តភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ