10. ដូច្នេះទុកឲ្យអញឥឡូវចុះ ឲ្យសេចក្ដីក្រោធរបស់អញបានឆេះក្តៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឲ្យសូន្យទៅ ហើយនឹងបង្កើតនគរ១យ៉ាងធំពីឯងវិញ។
11. នោះម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្ដីក្រោធក្តៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ
12. ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យ ដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ
13. សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក ហើយនឹងអ៊ីស្រាអែលជាអ្នកបំរើទ្រង់ ដែលទ្រង់បានស្បថនឹងអ្នកទាំងនោះ ដោយព្រះអង្គទ្រង់ថា «អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលអញបានសន្យានឹងឯងថា នឹងឲ្យដល់ពូជឯង ឲ្យគេបានទទួលទុកជាមរដកជារៀងរាបតទៅ»
14. នោះព្រះយេហូវ៉ាទ្រង់ក៏ប្រែព្រះហឫទ័យ លែងគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយចេញទៅ។
15. ម៉ូសេក៏វិលចុះពីលើភ្នំ មានទាំងបន្ទះថ្មនៃសេចក្ដីបន្ទាល់២ផ្ទាំងកាន់ជាប់នៅដៃផង ឯបន្ទះថ្មទាំង២នោះសឹងដ៏មានអក្សរទាំងសងខាង គឺខាងមុខ ហើយខាងខ្នង
16. ជាការដែលព្រះទ្រង់ធ្វើ ហើយអក្សរដែលមាននៅបន្ទះថ្មទាំង២នោះ ក៏ជាអក្សរដែលទ្រង់ឆ្លាក់ដែរ
17. កាលយ៉ូស្វេបានឮសូរសំឡេងរបស់បណ្តាជនទាំងឡាយ ដែលគេនាំគ្នាស្រែកដូច្នោះ នោះក៏ជំរាបម៉ូសេថា មានឮសូរចំបាំងនៅទីដំឡើងត្រសាលហើយ
18. តែម៉ូសេឆ្លើយថា តាមដែលអញឮ នោះមិនមែនជាសូរសំរែកនៃពួកដែលឈ្នះ ឬពួកចាញ់ទេ គឺជាសូរសំឡេងនៃមនុស្សដែលច្រៀងវិញទេតើ
19. លុះកាលលោកបានទៅដល់ជិតទីដំឡើងត្រសាល បានឃើញរូបកូនគោនោះ ហើយឃើញគេកំពុងតែលោតរាំលេង នោះម៉ូសេកើតមានសេចក្ដីកំហឹងខឹងក្តៅជាខ្លាំង ក៏បោះបន្ទះថ្មទាំង២ចេញពីដៃបំបែកនៅជើងភ្នំទៅ
20. រួចលោកយករូបកូនគោដែលគេបានធ្វើនោះទៅដុតនឹងភ្លើង ក៏កិនឲ្យម៉ដ្តបាចចោលទៅលើទឹក ហើយបង្ខំឲ្យពួកកូនចៅអ៊ីស្រាអែលផឹក
21. ម៉ូសេក៏សួរទៅអើរ៉ុនថា តើគេបានធ្វើអ្វីដល់បង បានជាបងឲ្យគេធ្វើបាបដ៏មានទំងន់ដូច្នេះ
22. អើរ៉ុនឆ្លើយថា សូមកុំឲ្យលោកម្ចាស់ខឹងក្តៅឡើយ ដ្បិតទាំងខ្លួនលោកក៏គង់ជ្រាបដែរថា មនុស្សទាំងនេះចូលចិត្តតែខាងផ្លូវបាបទេ
23. គេបានប្រាប់ខ្ញុំថា ចូរធ្វើព្រះឲ្យយើងរាល់គ្នាទៅ ដែលសំរាប់នាំមុខយើង ដ្បិតឯម៉ូសេនោះ ដែលបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
24. ខ្ញុំបានឆ្លើយតបថា ដូច្នេះអ្នកណាដែលមានមាស ចូរឲ្យដោះយកមកចុះ គេក៏ប្រគល់មកខ្ញុំ រួចខ្ញុំនាំទៅបោះចុះក្នុងភ្លើង ស្រាប់តែកើតបានជារូបកូនគោនេះចេញមក។