1. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. មើល អញបានហៅបេតសាលាល ជាកូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា
3. ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
4. ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនឹងលង្ហិន
5. ចេះច្នៃត្បូងសំរាប់ដាំ ចេះឆ្លាក់ឈើ និងការគ្រប់មុខទាំងអស់ផង
6. ហើយអញបានហៅអូហូលីអាប់ កូនអ័ហ៊ីសាម៉ាក់ ជាពូជអំបូរដាន់ ឲ្យមកធ្វើការជាមួយនឹងគាត់ដែរ ឯអស់អ្នកណាដែលចំណានការនោះអញក៏បានបន្ថែមឲ្យមានដំរិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង
7. គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនឹងអស់ទាំងប្រដាប់សំរាប់ត្រសាល
8. គឺតុ និងគ្រឿងប្រដាប់នៃតុ ជើងចង្កៀងមាសសុទ្ធ និងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប
9. អាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនានោះ ចានក្លាំ និងជើងនៃចាននោះ
10. អស់ទាំងសំលៀកបំពាក់សំរាប់ការងារ គឺសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុន ជាអ្នកថ្វាយបូជា និងអស់ទាំងសំលៀកបំពាក់ របស់ពួកកូនចៅលោក ដែលសំរាប់ការងារជាសង្ឃ
11. ប្រេងចាក់លាប និងគ្រឿងក្រអូប សំរាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង។
12. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ