2. ឲ្យមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា
3. ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ហើយត្រូវធ្វើកែមដោយមាសព័ទ្ធជុំវិញដែរ
4. នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សំរាប់នឹងព្រហកឈើស្នែងសែងទៅ
5. ឯឈើស្នែងសោត ក៏ត្រូវធ្វើពីឈើនាងនួនស្រោបដោយមាសដែរ
6. ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហឹបនៃសេចក្ដីបន្ទាល់ គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីបន្ទាល់នោះជាកន្លែងដែលអញមកជួបនឹងឯង
7. អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង
8. ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ
9. មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬដង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចដង្វាយអ្វីលើអាសនានេះដែរ
10. ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនានេះផង គឺនៅគ្រប់ទាំងដំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនានេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូវ៉ា។
11. រួចព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
12. កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ
13. ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាដង្វាយថ្វាយព្រះយេហូវ៉ា
14. ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
15. អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សំរាប់ជាដង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ
16. ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សំរាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សំរាប់ជាដង្វាយលោះខ្លួន។
17. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា