1. កាលម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់យេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន នោះលោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថានរហូតដល់ភ្នំព្រះ គឺជាភ្នំហូរែប
2. នៅទីនោះ មានទេវតានៃព្រះយេហូវ៉ាលេចមកឯលោកក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ
3. ម៉ូសេនឹកក្នុងចិត្តថា អញនឹងងាកចេញទៅមើលការចំឡែកនេះ តើហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ
4. កាលព្រះយេហូវ៉ាទ្រង់ឃើញលោកងាកបែរមកមើលដូច្នេះ នោះទ្រង់ក៏មានព្រះបន្ទូលហៅពីក្នុងគុម្ពបន្លាថា ម៉ូសេៗអើយ រួចលោកទូលឆ្លើយថា ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់
5. ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ
6. ទ្រង់មានព្រះបន្ទូលទៀតថា អញជាព្រះនៃអយ្យកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ។
7. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ
8. ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះ និងឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស
9. ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ ១ទៀតអញបានឃើញការលំបាក ដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ