4. ហើយត្រូវនាំអើរ៉ុន និងកូនលោកចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកផ្ងូតគេ
5. ត្រូវយកសំលៀកបំពាក់ទាំងប៉ុន្មានមកបំពាក់ឲ្យ គឺអាវខ្លី អាវវែងនៃអេផូឌ ហើយអេផូឌ និងប្រដាប់បាំងទ្រូងឲ្យអើរ៉ុន ហើយយកខ្សែក្រវាត់របស់អេផូឌមកក្រវាត់ឲ្យដែរ
6. ព្រមទាំងបំពាក់មួយលើក្បាល ហើយដាក់ស្លាកនៃសេចក្ដីបរិសុទ្ធនៅភ្ជាប់នឹងមួកនោះ
7. ត្រូវយកប្រេងមកចាក់លើក្បាល តាំងលោកឡើង
8. រួចត្រូវនាំកូនលោកចូលមកបំពាក់អាវខ្លីឲ្យ
9. ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន និងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
10. រួចត្រូវនាំគោឈ្មោលមក នៅមុខត្រសាលជំនុំ ហើយអើរ៉ុន និងកូនលោក ត្រូវដាក់ដៃលើក្បាលគោនោះ
11. ត្រូវសំឡាប់គោនោះនៅត្រង់មាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា
12. ហើយយកម្រាមដៃជ្រលក់ចុះក្នុងឈាមនោះខ្លះប្រឡាក់នៅស្នែងអាសនា រួចត្រូវចាក់ឈាមទាំងអស់នៅជើងអាសនា
13. ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា