36. រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ
37. ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។
38. រីឯដង្វាយ ដែលត្រូវថ្វាយនៅលើអាសនារាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២ អាយុ១ខួប
39. កូនចៀម១ត្រូវថ្វាយក្នុងពេលព្រឹក ហើយ១ទៀតក្នុងពេលល្ងាច
40. ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង និងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
41. លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
42. នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង
43. អញនឹងមកជួបនឹងពួកកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ
44. អញនឹងញែកត្រសាលជំនុំ ហើយនឹងអាសនាចេញជាបរិសុទ្ធ ព្រមទាំងអើរ៉ុន និងពួកកូនលោកដែរ ដើម្បីឲ្យអ្នកទាំងនោះបានធ្វើការងារជាសង្ឃដល់អញ
45. យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឲ្យគេ