30. កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។
31. រួចត្រូវឲ្យយកចៀមឈ្មោល សំរាប់បុណ្យតាំងជាសង្ឃ ទៅស្ងោរនៅកន្លែងបរិសុទ្ធ
32. នោះអើរ៉ុន ព្រមទាំងកូនលោក និងបរិភោគសាច់ចៀម ហើយនឹងនំបុ័ងក្នុងកញ្ច្រែងនៅមាត់ទ្វារត្រសាលជំនុំ
33. ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ
34. បើសិនជាមានសាច់ពីបុណ្យនោះ ឬនំបុ័ងបានសល់នៅដល់ព្រឹកឡើង នោះត្រូវយកសំណល់នោះទៅដុតនឹងភ្លើងទៅ មិនត្រូវបរិភោគឡើយ ដ្បិតជារបស់បរិសុទ្ធ។
35. ត្រូវធ្វើបុណ្យនេះគ្រប់៧ថ្ងៃ ដើម្បីនឹងតាំងអើរ៉ុន និងពួកកូនលោកឡើងធ្វើជាសង្ឃ តាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់
36. រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ
37. ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។
38. រីឯដង្វាយ ដែលត្រូវថ្វាយនៅលើអាសនារាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២ អាយុ១ខួប
39. កូនចៀម១ត្រូវថ្វាយក្នុងពេលព្រឹក ហើយ១ទៀតក្នុងពេលល្ងាច
40. ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្ត១ភាគក្នុង១០ក្នុង១ថាំង លាយនឹងប្រេងសំរាំង១កំប៉ុង និងដង្វាយច្រួចជាស្រាទំពាំងបាយជូរ១កំប៉ុងផង
41. លុះដល់ល្ងាច ត្រូវឲ្យឯងថ្វាយកូនចៀម១ទៀត ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចដូចថ្វាយពីព្រឹកដែរ នេះគឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
42. នេះហើយជាដង្វាយដុតជានិច្ច ដែលកូនចៅឯងតទៅមុខ ត្រូវថ្វាយនៅមាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា ជាកន្លែងដែលអញនឹងមកជួបនឹងឯងរាល់គ្នា ដើម្បីនឹងនិយាយជាមួយនឹងឯង
43. អញនឹងមកជួបនឹងពួកកូនចៅអ៊ីស្រាអែលនៅទីនោះ ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីល្អនៃអញ
44. អញនឹងញែកត្រសាលជំនុំ ហើយនឹងអាសនាចេញជាបរិសុទ្ធ ព្រមទាំងអើរ៉ុន និងពួកកូនលោកដែរ ដើម្បីឲ្យអ្នកទាំងនោះបានធ្វើការងារជាសង្ឃដល់អញ
45. យ៉ាងនោះអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ហើយនឹងធ្វើជាព្រះឲ្យគេ