24. ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
25. រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា
26. ត្រូវឲ្យយកទ្រូងចៀម១នោះ ដែលសំរាប់បុណ្យតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នោះនឹងបានជាចំណែកដល់ឯង
27. ឯទ្រូង និងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន និងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង
28. នោះនឹងបានជារបស់ផងអើរ៉ុន ហើយនឹងកូនលោក គឺជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដែលពួកកូនចៅអ៊ីស្រាអែលត្រូវកាន់តាម ដ្បិតនេះឯងជាដង្វាយលើកចុះឡើង ហើយក្នុងអស់ទាំងដង្វាយមេត្រីដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ នោះដង្វាយលើកចុះឡើងជាដង្វាយសំរាប់ព្រះយេហូវ៉ា។