35. អើរ៉ុនត្រូវពាក់អាវវែងនោះ សំរាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ទេ។
36. ត្រូវធ្វើស្លាកមាសសុទ្ធ១ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធដល់ព្រះយេហូវ៉ា»
37. ត្រូវចងស្លាកនោះនឹងខ្សែពណ៌ខៀវភ្ជាប់នៅត្រង់មុខមួក នៅលើថ្ងាសអើរ៉ុន
38. នោះអើរ៉ុននឹងទទួលអស់ទាំងការកំហុសខាងឯរបស់បរិសុទ្ធទាំងប៉ុន្មាន ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីទ្រង់បានទទួលគេ។
39. ត្រូវឲ្យធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
40. ឯពួកកូនរបស់អើរ៉ុន នោះត្រូវឲ្យឯងធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់គេដែរ ដើម្បីជាកិត្តិយស និងជាភាពលំអដល់គេ
41. ត្រូវបំពាក់ឲ្យអើរ៉ុនបងឯង និងកូនលោកផង រួចត្រូវចាក់ប្រេងតាំងគេឡើង ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យបានធ្វើការងារជាសង្ឃដល់អញ
42. ត្រូវឲ្យធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យគេ ពីត្រឹមចង្កេះ ដល់ពាក់កណ្តាលភ្លៅ សំរាប់បាំងកេរខ្មាសគេ
43. អើរ៉ុន និងកូនលោកត្រូវស្លៀកខោនោះ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ឬកាលណាចូលទៅឯអាសនា នឹងធ្វើការងារក្នុងទីបរិសុទ្ធ ដូច្នេះគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ នេះឯងជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុន និងពូជដំណរបស់លោកតរៀងទៅ។