14. ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។
15. ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់
16. ត្រូវឲ្យបាន៤ជ្រុងស្មើ បត់ជា២ផ្នត់ បណ្តោយ១ចំអាម ទទឹង១ចំអាម
17. ហើយត្រូវដាំត្បូង៤ជួរនៅប្រដាប់នោះ ក្នុងជួរទី១ មានត្បូងសាមស៊ី១ ត្បូងទោបុ័ត១ និងបារកេត១
18. ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១
19. ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
20. ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងមណីជោតិ១ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស
21. ត្រូវតែមានត្បូង១២ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា ឯគ្រប់តែត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះពូជអំបូរទាំង១២នោះ
22. ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង
23. ត្រូវធ្វើក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងដែរ
24. ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង
25. ហើយចុងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ
26. ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ
27. ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ
28. ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ
29. ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច