13. ហើយត្រូវយកឈើនាងនួនធ្វើជាឈើស្នែង ដោយស្រោបមាសដូចគ្នាដែរ
14. រួចព្រហកឈើស្នែងទៅក្នុងកងនៅជ្រុងហឹបនោះសំរាប់សែងទៅ
15. ឈើស្នែងនោះត្រូវនៅជាប់នឹងកងហឹប មិនត្រូវឲ្យដកចេញឡើយ
16. ត្រូវដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យឯង ទៅក្នុងហឹបនោះ
17. រួចត្រូវធ្វើទីសន្តោសប្រោសពីមាសសុទ្ធ បណ្តោយ២ហត្ថកន្លះ ទទឹង១ហត្ថកន្លះ
18. ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីន២ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ
19. គឺធ្វើរូបចេរូប៊ីន១នៅចុងម្ខាង ហើយចេរូប៊ីន១នៅចុងម្ខាងទៀត ត្រូវធ្វើចេរូប៊ីនទាំង២ឲ្យនៅចុងទាំងសងខាង ភ្ជាប់ជាមួយនឹងទីសន្តោសប្រោស
20. ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស
21. ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហឹប ហើយដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហឹបដែរ
22. គឺនៅទីនោះហើយដែលអញនឹងមកជួបនឹងឯង ហើយនឹងនិយាយនឹងឯងពីលើទីសន្តោសប្រោស នៅកណ្តាលចេរូប៊ីនទាំង២ដែលនៅលើហឹបនៃទីបន្ទាល់ ដើម្បីប្រាប់ឯងពីអស់ទាំងសេចក្ដីដែលអញនឹងបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល។
23. ត្រូវឲ្យធ្វើតុ១ពីឈើនាងនួន បណ្តោយ២ហត្ថ ទទឹង១ហត្ថ ហើយកំពស់១ហត្ថកន្លះ
24. រួចត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើកែមមាសនៅជុំវិញ
25. ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26. ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់តុទាំង៤
27. កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ព្រហកឈើស្នែងនឹងសែងទៅ
28. ត្រូវយកឈើនាងនួន ស្រោបដោយមាស ធ្វើជាស្នែងសំរាប់សែងតុ
29. ត្រូវឲ្យធ្វើថាស ផ្តិល ប៉ាន់ ហើយនឹងពែងសំរាប់តុនោះ ដើម្បីប្រើថ្វាយដង្វាយច្រួច ត្រូវធ្វើពីមាសសុទ្ធទាំងអស់