6. លោកក៏យកឈាមពាក់កណ្តាលដាក់ក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនា
7. រួចយកសៀវភៅសញ្ញាមកអានមើលឲ្យបណ្តាជនស្តាប់ គេក៏ឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ចំពូកផង
8. ដូច្នេះម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ។
9. បន្ទាប់នោះម៉ូសេក៏ឡើងទៅ នាំទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយនឹងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ផង
10. គេក៏បានឃើញព្រះនៃសាសន៍អ៊ីស្រាអែល ហើយនៅក្រោមព្រះបាទទ្រង់មានដូចជាកំរាលធ្វើពីត្បូងកណ្តៀងស្រឡះត្រចះដូចផ្ទៃមេឃ
11. តែទ្រង់មិនបានដាក់ព្រះហស្តលើពួកកូនចៅអ៊ីស្រាអែលដ៏មានត្រកូលខ្ពស់ទាំងនោះទេ គេបានឃើញព្រះអង្គ រួចក៏នាំគ្នាបរិភោគភោជន៍។
12. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រឹត្យវិន័យ ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សំរាប់នឹងបង្រៀនដល់បណ្តាជន
13. នោះម៉ូសេ និងយ៉ូស្វេ ជាអ្នកជំនួយការលោកក៏ក្រោកឡើង ហើយម៉ូសេលោកឡើងទៅលើភ្នំព្រះ
14. លោកបង្គាប់ដល់ពួកចាស់ទុំថា ចូរអ្នករាល់គ្នារង់ចាំយើងនៅទីនេះចុះ ទំរាំយើងត្រឡប់មកវិញ មើល មានអើរ៉ុន និងហ៊ើរ នៅជាមួយនឹងអ្នករាល់គ្នាហើយ បើអ្នកណាកើតមានវិវាទទាស់ទែងគ្នា នោះត្រូវចូលមកសួរលោកចុះ។
15. ម៉ូសេក៏ឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ
16. សិរីល្អនៃព្រះយេហូវ៉ាក៏នៅលើភ្នំ ហើយពពកក៏គ្របលើភ្នំពេញចំនួន៦ថ្ងៃ លុះដល់ថ្ងៃទី៧ ទើបទ្រង់មានព្រះបន្ទូលពីកណ្តាលពពកហៅម៉ូសេ
17. ឯសិរីល្អនៃព្រះយេហូវ៉ា នោះមើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ ចំពោះដល់ភ្នែកនៃពួកកូនចៅអ៊ីស្រាអែល
18. ម៉ូសេលោកចូលទៅក្នុងពពកឡើងទៅលើភ្នំ ហើយក៏នៅឯណោះអស់៤០ថ្ងៃ៤០យប់។