និក្ខមនំ 23:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ

8. ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។

9. កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

10. ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាប‌ព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង

11. តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

12. ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ និង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង និង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន

13. ត្រូវ​ឲ្យ​ប្រយ័ត្ន និង​កាន់​តាម​អស់​ទាំង​សេចក្ដី ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​កុំ​ឲ្យ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​កុំ​ឲ្យ​ឮ​ចេញ​ពី​មាត់​ឯង​រាល់​គ្នា​ឲ្យ​សោះ។

14. ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង

15. ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ

16. ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក

17. គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។

18. កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញ‌បូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​ដង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។

និក្ខមនំ 23