និក្ខមនំ 23:4-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. បើ​ប្រទះ​ឃើញ​គោ ឬ​លា របស់​ខ្មាំង​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​ឲ្យ​នាំ​ទៅ​ប្រគល់​ដល់​ម្ចាស់​វិញ​ជា​កុំ​ខាន

5. បើ​ឃើញ​លា​របស់​អ្នក​ណា​ដែល​ស្អប់​ឯង វា​លុត​ជង្គង់​ចុះ​ដោយ‌សារ​បន្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​ឯង​នឹង​ចង់​ធ្វើ​ព្រងើយ​ឥត​ជួយ​គេ​ទេ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​ដល់​គេ​វិញ​ជា​កុំ​ខាន។

6. កុំ​ឲ្យ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឲ្យ​សោះ

7. ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សំឡាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ

8. ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។

9. កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

10. ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាប‌ព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង

11. តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

12. ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សំរាក​វិញ ដើម្បី​ឲ្យ​គោ និង​លា​របស់​ឯង បាន​សំរាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង និង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន

13. ត្រូវ​ឲ្យ​ប្រយ័ត្ន និង​កាន់​តាម​អស់​ទាំង​សេចក្ដី ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​កុំ​ឲ្យ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​កុំ​ឲ្យ​ឮ​ចេញ​ពី​មាត់​ឯង​រាល់​គ្នា​ឲ្យ​សោះ។

14. ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង

15. ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ

16. ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចំរូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​នឹង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចំការ​មក

17. គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។

18. កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញ‌បូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​ដង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។

19. ឯ​ចំណែក​មុន​បង្អស់ នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​របស់​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។កុំ​ឲ្យ​ស្ងោរ​កូន​ពពែ​នឹង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

20. មើល អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក‌បំរុង​ឯង​តាម​ផ្លូវ ហើយ​នឹង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀប‌ចំ​ទុក​ឲ្យ

21. ចូរ​ប្រយ័ត្ន និង​ស្តាប់​បង្គាប់​តាម​ទ្រង់ កុំ​ឲ្យ​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើយ ដ្បិត​ទ្រង់​មិន​អត់​ទោស​ការ​រំលង​របស់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​ឈ្មោះ​អញ​នៅ​ក្នុង​ទ្រង់

22. បើ​ឯង​ប្រុង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​អញ​ប្រាប់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​ធ្វើ​ជា​សត្រូវ​ដល់​ពួក​សត្រូវ​របស់​ឯង ហើយ​ជា​អ្នក​ត​តាំង​នឹង​អស់​អ្នក​ដែល​ត​តាំង​នឹង​ឯង

និក្ខមនំ 23