24. កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
25. ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ
26. នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
27. អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង
28. អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនឹងសាសន៍ហេត ពីមុខឯងចេញ
29. អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ
30. គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន
31. នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ