22. បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង
23. ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។
24. កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
25. ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ
26. នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
27. អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង
28. អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនឹងសាសន៍ហេត ពីមុខឯងចេញ
29. អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ
30. គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន
31. នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
32. កុំឲ្យតាំងសេចក្ដីសញ្ញានឹងគេ ឬនិងព្រះរបស់គេឡើយ