20. មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ
21. ចូរប្រយ័ត្ន និងស្តាប់បង្គាប់តាមទ្រង់ កុំឲ្យបណ្តាលឲ្យទ្រង់ខ្ញាល់ឡើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះអញនៅក្នុងទ្រង់
22. បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង
23. ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។
24. កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
25. ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ
26. នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
27. អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង
28. អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹងបណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនឹងសាសន៍ហេត ពីមុខឯងចេញ
29. អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ
30. គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរដកបាន
31. នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
32. កុំឲ្យតាំងសេចក្ដីសញ្ញានឹងគេ ឬនិងព្រះរបស់គេឡើយ
33. ក៏មិនត្រូវឲ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឲ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះគេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ។