13. ត្រូវឲ្យប្រយ័ត្ន និងកាន់តាមអស់ទាំងសេចក្ដី ដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។
14. ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង
15. ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ
16. ត្រូវឲ្យធ្វើបុណ្យចំរូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនឹងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចំការមក
17. គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។
18. កុំឲ្យយកឈាមរបស់យញ្ញបូជានៃអញ ថ្វាយជាមួយនឹងនំបុ័ងមានដំបែឡើយ ហើយមិនត្រូវទុកខ្លាញ់នៃដង្វាយនោះ តាំងពីល្ងាចដល់ព្រឹកទេ។
19. ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង។កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។
20. មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ
21. ចូរប្រយ័ត្ន និងស្តាប់បង្គាប់តាមទ្រង់ កុំឲ្យបណ្តាលឲ្យទ្រង់ខ្ញាល់ឡើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះអញនៅក្នុងទ្រង់
22. បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង
23. ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។
24. កុំឲ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឲ្យសោះ ក៏កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឲ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឲ្យខ្ទេចខ្ទីផង
25. ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នោះទ្រង់នឹងប្រទានពរដល់អាហារ និងទឹករបស់ឯង ហើយអញនឹងដកជំងឺរោគាពីពួកឯងរាល់គ្នាចេញ
26. នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
27. អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង