1. កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ ក៏កុំឲ្យចូលដៃនឹងមនុស្សអាក្រក់ ដើម្បីនឹងធ្វើជាទីបន្ទាល់ទុច្ចរិតឡើយ។
2. កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់ ហើយកុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្ដីយុត្តិធម៌ចេញនោះឡើយ
3. ក៏កុំឲ្យយល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ។
4. បើប្រទះឃើញគោ ឬលា របស់ខ្មាំងសត្រូវដែលវង្វេង នោះត្រូវឲ្យនាំទៅប្រគល់ដល់ម្ចាស់វិញជាកុំខាន
5. បើឃើញលារបស់អ្នកណាដែលស្អប់ឯង វាលុតជង្គង់ចុះដោយសារបន្ទុកធ្ងន់ នោះប្រហែលជាឯងនឹងចង់ធ្វើព្រងើយឥតជួយគេទេ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយដល់គេវិញជាកុំខាន។
6. កុំឲ្យបង្វែរសេចក្ដីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ
7. ត្រូវឲ្យចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំឲ្យសំឡាប់គេឡើយ ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ
8. ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
9. កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទ ជាអ្នកប្រទេសក្រៅដែរ។
10. ក្នុងរវាង៦ឆ្នាំ ត្រូវសាបព្រោះនៅដីឯង ហើយត្រូវច្រូតយកផលផង
11. តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ និងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។
12. ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ និងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង និងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន