15. បើម្ចាស់វានៅជាមួយដែរ នោះមិនត្រូវសងសំណងទេ បើជាសត្វដែលគេជួល នោះក៏ល្មមនឹងថ្លៃឈ្នួលហើយ។
16. បើអ្នកណាល្បួងលួងលោមស្ត្រីក្រមុំ ដែលមិនទាន់មានអ្នកណាដណ្តឹងនៅឡើយ ហើយបានដេកនៅជាមួយនឹងនាង នោះត្រូវយកនាងធ្វើជាប្រពន្ធទៅ ព្រមទាំងចេញបណ្តាការឲ្យផង
17. តែបើឪពុកនាងមិនព្រមឲ្យទៅអ្នកនោះសោះ នោះត្រូវតែសងថ្លៃតាមបណ្តាការរបស់ស្ត្រីក្រមុំវិញ។
18. កុំទុកឲ្យស្ត្រីដែលជាគ្រូអាបធ្មប់នៅរស់ឡើយ។
19. អ្នកណាដែលរួមសង្វាសជាមួយនឹងសត្វ នោះត្រូវសំឡាប់ចោលជាមិនខាន។
20. អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណា ក្រៅពីព្រះយេហូវ៉ាតែ១ នោះនឹងត្រូវបំផ្លាញចេញអស់រលីង។
21. កុំឲ្យធ្វើបាបដល់អ្នកប្រទេសក្រៅ ក៏កុំឲ្យសង្កត់សង្កិនគេឡើយ ដ្បិតឯងរាល់គ្នាក៏បាននៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
22. កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយ ឬកូនកំព្រាណាឡើយ
23. បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន
24. ហើយសេចក្ដីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ។
25. បើឲ្យរាស្ត្រអញណាមួយ ជាអ្នកទ័លក្រ ដែលនៅជាមួយនឹងឯង បានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
26. បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច
27. ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។