8. បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ
9. តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី
10. បើបានយកសំរាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសំលៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ
11. តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12. អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន
13. តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន
14. ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។
15. ឯអ្នកណាដែលវាយឪពុក ឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន
16. ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន
17. ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។
18. បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ
19. បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។