21. ប៉ុន្តែបើបាវនោះរស់នៅបាន២ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។
22. បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សំរេចឲ្យ
23. ប៉ុន្តែបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ
24. ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង
25. រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។
26. បើអ្នកណាវាយត្រូវភ្នែករបស់បាវប្រុសបាវស្រីខ្លួនឲ្យខ្វាក់ នោះត្រូវឲ្យវារួចចេញទៅទទេ ដោយព្រោះភ្នែក
27. ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។
28. បើគោណាជល់មនុស្សប្រុស ឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ
29. ប៉ុន្តែបើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុសឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ
30. តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ
31. ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជំរះតាមច្បាប់នេះដែរ