និក្ខមនំ 2:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ​លេវី បាន​ទៅ​យក​កូន​ស្រី​របស់​ពួក​លេវី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ

2. នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ

3. លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក​ទាំង​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ

4. ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចំងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។

5. ខណៈ​នោះ​បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក

6. នាង​បើក​ទៅ​ឃើញ​កូន​តូច ហើយ​មើល វា​ស្រែក​យំ​ឡើង នាង​ក៏​មាន​ព្រះ‌ទ័យ​ផ្តួច​អាណិត​ដល់​វា ដោយ​មាន​សវនីយ៍​ថា នេះ​ឯង​ពិត​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ

7. ឯ​បង​ស្រី​របស់​កូន​តូច​ក៏​ទូល​សួរ​បុត្រី​ផារ៉ោន​ថា តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ឬ​ទេ

8. បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា អើ ទៅ​ចុះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក

9. បុត្រី​ផារ៉ោន​បង្គាប់​ថា ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខែ​ដល់​អ្នក ម្តាយ​ក៏​យក​កូន​ទៅ​បំបៅ

10. លុះ​កូន​មាន​វ័យ​ធំ​ឡើង​កាល​ណា ក៏​នាំ​វា​ទៅ​ថ្វាយ​ដល់​បុត្រី​ផារ៉ោន​វិញ ហើយ​វា​បាន​ទៅ​ជា​កូន​របស់​នាង​ទៅ​នាង​ក៏​ឲ្យ​ឈ្មោះ​ថា ម៉ូសេ ដោយ​ថា អញ​បាន​ស្រង់​វា​ពី​ទឹក​មក។

11. ក្នុង​គ្រា​នោះ កាល​ម៉ូសេ​បាន​ពេញ​ក្តី​ជា​មនុស្ស​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​ញាតិ‌សន្តាន​ខ្លួន ក៏​បាន​ឃើញ​ការ​ទុក្ខ​លំបាក​របស់​គេ ហើយ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ

12. នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញ​ថា គ្មាន​អ្នក​ណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ

13. ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ

14. អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សំឡាប់​អញ​ដូច​ជា​បាន​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ

និក្ខមនំ 2