1. ដល់ខែទី៣ក្រោយដែលចេញពីស្រុកអេស៊ីព្ទមក នៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏ទៅដល់ទីរហោស្ថានស៊ីណាយ
2. គេបានចេញពីរេផិឌីមទៅដល់ទីរហោស្ថានស៊ីណាយ ហើយនាំគ្នាដំឡើងត្រសាលនៅទីនោះ គេតាំងទីលំនៅ ក្នុងទីរហោស្ថានទល់មុខនឹងភ្នំ
3. ចំណែកឯម៉ូសេ លោកក៏ឡើងទៅឯព្រះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅលោកពីលើភ្នំថា ចូរឯងនិយាយនឹងពួកវង្សយ៉ាកុប ហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
4. ឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសន៍អេស៊ីព្ទហើយ និងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឯអញនេះផង
5. ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ
6. ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។
7. នោះម៉ូសេក៏មកវិញ ហៅប្រជុំពួកចាស់ទុំក្នុងបណ្តាជន ប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក
8. ឯពួកជនទាំងឡាយ គេឆ្លើយឡើងថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលមក នោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញ