3. ព្រមទាំងកូនរបស់នាងទាំង២ដែរ គឺ១ឈ្មោះគើសំម ដ្បិតម៉ូសេនឹកថា អញនៅប្រទេសក្រៅ
4. ហើយ១ទៀតឈ្មោះអេលាស៊ើរ ដ្បិតលោកថា ព្រះនៃឪពុកអញទ្រង់បានជួយអញ ក៏បានដោះអញឲ្យរួចពីដាវរបស់ផារ៉ោនផង
5. យេត្រូ ឪពុកក្មេកម៉ូសេ និងកូនទាំង២ ព្រមទាំងប្រពន្ធម៉ូសេ ក៏នាំគ្នាមកឯលោកនៅទីរហោស្ថាន ត្រង់កន្លែងដែលដំឡើងត្រសាលនៅជើងភ្នំនៃព្រះ
6. យេត្រូក៏ផ្តាំទៅម៉ូសេថា អញ យេត្រូជាឪពុកក្មេកឯងបានមកដល់ហើយ បាននាំទាំងប្រពន្ធ និងកូនឯងទាំង២មកជាមួយផង
7. ដូច្នេះម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក៏ក្រាបសំពះហើយថើបលោក រួចលោកសាកសួរគ្នាទៅវិញទៅមកពីសេចក្ដីសុខទុក្ខ ហើយនាំគ្នាចូលទៅក្នុងត្រសាល
8. ឯម៉ូសេលោកចាប់តាំងរ៉ាយរឿងប្រាប់ឪពុកក្មេក ពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែល និងពីសេចក្ដីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ ហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឲ្យរួចទាំងអស់
9. យេត្រូក៏មានសេចក្ដីអំណរ ដោយអស់ទាំងសេចក្ដីល្អ ដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកអ៊ីស្រាអែល ដោយទ្រង់បានជួយឲ្យគេរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ
10. ក៏ពោលថា សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឲ្យរួចពីក្រោមអំណាចសាសន៍អេស៊ីព្ទផង
11. ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
12. រួចយេត្រូជាឪពុកក្មេកម៉ូសេ លោកយកដង្វាយដុត និងយញ្ញបូជាទៅថ្វាយដល់ព្រះ ហើយអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរ។
13. ដល់ថ្ងៃស្អែកឡើង ម៉ូសេអង្គុយជំនុំជំរះរឿងឲ្យបណ្តាជនទាំងឡាយ ឯបណ្តាជនទាំងអស់ក៏ឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច
14. កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការ ដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯង តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ
15. ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ