10. ក៏ពោលថា សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃផារ៉ោន ព្រមទាំងបណ្តាជន ឲ្យរួចពីក្រោមអំណាចសាសន៍អេស៊ីព្ទផង
11. ឥឡូវនេះ អញដឹងថា ព្រះយេហូវ៉ាទ្រង់ធំលើសអស់ទាំងព្រះ ដ្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយព្រហើនចំពោះឯងរាល់គ្នា
12. រួចយេត្រូជាឪពុកក្មេកម៉ូសេ លោកយកដង្វាយដុត និងយញ្ញបូជាទៅថ្វាយដល់ព្រះ ហើយអើរ៉ុន និងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏មកបរិភោគភោជនាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរ។
13. ដល់ថ្ងៃស្អែកឡើង ម៉ូសេអង្គុយជំនុំជំរះរឿងឲ្យបណ្តាជនទាំងឡាយ ឯបណ្តាជនទាំងអស់ក៏ឈរនៅមុខលោក តាំងពីព្រឹករហូតដល់ល្ងាច
14. កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការ ដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯង តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ
15. ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ
16. កាលណាគេមានរឿងអ្វី នោះគេតែងមកឯងខ្ញុំ ហើយខ្ញុំវិនិច្ឆ័យឲ្យគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់របស់ព្រះផង
17. ឪពុកក្មេកម៉ូសេក៏និយាយថា ដែលឯងធ្វើដូច្នោះ នោះមិនស្រួលទេ
18. ដ្បិតយ៉ាងនោះឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ
19. ឥឡូវនេះ ចូរស្តាប់សិន អញនឹងទូន្មានឯងបន្តិច ក៏សូមឲ្យព្រះគង់ជាមួយនឹងឯងផង គឺឲ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយនៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់
20. ហើយឯងនឹងបង្រៀនអស់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវដែលគេត្រូវដើរ និងការដែលគេត្រូវធ្វើដែរ
21. ត្រូវឲ្យឯងរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះឡើង ឲ្យត្រួតត្រាលើជនទាំងឡាយ ឲ្យគេធ្វើជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ផង
22. ឲ្យអ្នកទាំងនោះជំនុំជំរះពួកជនជាដរាប ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់ឯង តែបើជារឿងតូចៗទេ ត្រូវឲ្យគេកាត់សេចក្ដីដោយខ្លួនគេចុះ នោះឯងនឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯង
23. បើឯងព្រមធ្វើដូច្នោះ ហើយព្រះទ្រង់ក៏បង្គាប់ផង នោះឯងនឹងនៅស្ថិតស្ថេរបាន ហើយបណ្តាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរ។