1. រីឯយេត្រូ ជាសង្ឃនៅស្រុកម៉ាឌាន ដែលជាឪពុកក្មេកម៉ូសេ កាលបានឮពីអស់ទាំងការដែលព្រះយេហូវ៉ាបានប្រោសដល់ម៉ូសេ និងពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក
2. នោះលោកក៏នាំនាងសេផូរ៉ាជាប្រពន្ធម៉ូសេ ដែលបានឲ្យត្រឡប់ទៅផ្ទះវិញ ទៅជាមួយ
3. ព្រមទាំងកូនរបស់នាងទាំង២ដែរ គឺ១ឈ្មោះគើសំម ដ្បិតម៉ូសេនឹកថា អញនៅប្រទេសក្រៅ
4. ហើយ១ទៀតឈ្មោះអេលាស៊ើរ ដ្បិតលោកថា ព្រះនៃឪពុកអញទ្រង់បានជួយអញ ក៏បានដោះអញឲ្យរួចពីដាវរបស់ផារ៉ោនផង
5. យេត្រូ ឪពុកក្មេកម៉ូសេ និងកូនទាំង២ ព្រមទាំងប្រពន្ធម៉ូសេ ក៏នាំគ្នាមកឯលោកនៅទីរហោស្ថាន ត្រង់កន្លែងដែលដំឡើងត្រសាលនៅជើងភ្នំនៃព្រះ
6. យេត្រូក៏ផ្តាំទៅម៉ូសេថា អញ យេត្រូជាឪពុកក្មេកឯងបានមកដល់ហើយ បាននាំទាំងប្រពន្ធ និងកូនឯងទាំង២មកជាមួយផង
7. ដូច្នេះម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក៏ក្រាបសំពះហើយថើបលោក រួចលោកសាកសួរគ្នាទៅវិញទៅមកពីសេចក្ដីសុខទុក្ខ ហើយនាំគ្នាចូលទៅក្នុងត្រសាល
8. ឯម៉ូសេលោកចាប់តាំងរ៉ាយរឿងប្រាប់ឪពុកក្មេក ពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែល និងពីសេចក្ដីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ ហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឲ្យរួចទាំងអស់