5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង
6. មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល
7. លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង«មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
8. នោះសាសន៍អាម៉ាលេកក៏មក ច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេផិឌីម
9. ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះអញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ
10. យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន និងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ