7. ហើយដល់ព្រឹកឡើង នោះអ្នករាល់គ្នានឹងឃើញសិរីល្អរបស់ទ្រង់ ដ្បិតទ្រង់បានឮសេចក្ដីដែលអ្នករាល់គ្នាត្អូញត្អែរនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែរនឹងយើងដូច្នេះ
8. ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
9. រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ
10. កាលអើរ៉ុនកំពុងនិយាយនឹងពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ នោះគេងាកបែរទៅឯទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក
11. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅម៉ូសេថា
12. អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។
13. លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ
14. កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី
15. កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ
16. នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន
17. ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច
18. តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ
19. រួចម៉ូសេប្រាប់ថា កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ
20. តែគេមិនបានស្តាប់តាមទេ ក៏មានអ្នកខ្លះបានទុកនំនោះដល់ព្រឹក នោះក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ
21. គេក៏តែងតែរើសរាល់តែព្រឹកឲ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នា លុះដល់ថ្ងៃក្តៅ នំនោះក៏រលាយទៅ។