16. នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន
17. ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច
18. តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ
19. រួចម៉ូសេប្រាប់ថា កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ
20. តែគេមិនបានស្តាប់តាមទេ ក៏មានអ្នកខ្លះបានទុកនំនោះដល់ព្រឹក នោះក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ
21. គេក៏តែងតែរើសរាល់តែព្រឹកឲ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នា លុះដល់ថ្ងៃក្តៅ នំនោះក៏រលាយទៅ។
22. លុះដល់ថ្ងៃទី៦ គេក៏រើសនំនោះបានចំនួន២ភាគ គឺ២ខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ
23. តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសំរាក គឺជាថ្ងៃឈប់សំរាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសំរាប់អ្នករាល់គ្នា
24. គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ
25. រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ
26. អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។
27. នៅថ្ងៃទី៧ ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ តែរកគ្មានសោះ
28. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្ត ហើយនឹងច្បាប់អញដល់កាលណាទៀត
29. មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សំរាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ
30. ហេតុនោះបណ្តាជនគ្រប់គ្នាក៏សំរាកនៅថ្ងៃទី៧នោះ
31. ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា «ម៉ាន៉ា» នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។
32. ម៉ូសេក៏ប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក គឺឲ្យយកនំនេះដាក់ពេញ១ខ្ញឹង ទុកសំរាប់កូនចៅឯងរាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលអញបានឲ្យឯងបរិភោគនៅទីរហោស្ថាន ក្នុងកាលដែលអញនាំឯងចេញពីស្រុកអេស៊ីព្ទមកផង