5. អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម
6. ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ
7. គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង
8. ហើយដោយសារកំឡាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជំរៅក៏បានកកខះនៅនាសមុទ្រ
9. ឯពួកខ្មាំងសត្រូវ គេនិយាយថា អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ
10. តែទ្រង់បានផ្លុំដោយខ្យល់ដង្ហើមទ្រង់ នោះសមុទ្រក៏គ្របលើគេវិញ ហើយគេត្រូវលិចចុះទៅក្នុងទឹកធំដូចជាសំណ
11. ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង
12. ទ្រង់បានលើកព្រះហស្តស្តាំឡើង នោះដីក៏ស្រូបគេបាត់ទៅ
13. ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី
14. គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច
15. ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត
16. សេចក្ដីស្ញែងខ្លាចនឹងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ
17. ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង