1. រួចពីនោះមក ម៉ូសេ និងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ
2. ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់
3. ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា
4. ទ្រង់បានបោះអស់ទាំងរទេះ និងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម
5. អស់ទាំងទីជំរៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម
6. ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ
7. គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង
8. ហើយដោយសារកំឡាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជំរៅក៏បានកកខះនៅនាសមុទ្រ
9. ឯពួកខ្មាំងសត្រូវ គេនិយាយថា អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ