14. ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ។
15. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធ្វើអី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឲ្យដើរទៅមុខទៅ
16. ឯឯង ត្រូវលើកដំបងលូកដៃទៅលើសមុទ្រញែកទឹកចេញពីគ្នា ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ
17. ឯអញៗនឹងបណ្តាល ឲ្យពួកសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ចូលទៅតាមឯងរាល់គ្នា នោះអញនឹងបានកិត្តិសព្ទដោយឈ្នះផារ៉ោន និងពួកទ័ពទ្រង់ ហើយនឹងអស់ទាំងរទេះចំបាំង ព្រមទាំងពួកពលសេះទ្រង់ផង
18. នោះទើបសាសន៍អេស៊ីព្ទគេនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានកិត្តិសព្ទដោយឈ្នះផារ៉ោន និងអស់ទាំងរទេះចំបាំង ហើយនឹងពួកពលសេះទ្រង់ដូច្នោះ។
19. នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ
20. ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ និងពួកអ៊ីស្រាអែល ក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ
21. នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ
22. រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងគេ
23. ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញចូលទៅ ត្រង់កណ្តាលសមុទ្រតាមគេ ព្រមទាំងសេះផារ៉ោន និងរទេះចំបាំង ហើយទាំងពលសេះទ្រង់ផង
24. នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនឹងពពក ទៅឃើញពួកពលទ័ពសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឲ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង
25. ក៏ធ្វើឲ្យរបូតកង់ពីរទេះគេចេញ ឲ្យគេបរដោយពិបាក បានជាពួកសាសន៍អេស៊ីព្ទនិយាយថា ចូរយើងរាល់គ្នារត់ពីសាសន៍អ៊ីស្រាអែលនេះចេញ ដ្បិតព្រះយេហូវ៉ាទ្រង់ច្បាំងនឹងយើងជំនួសគេហើយ។
26. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងលើកដៃទៅលើសមុទ្រទៅ ដើម្បីឲ្យទឹកបានហូរត្រឡប់គ្របទៅលើពួកសាសន៍អេស៊ីព្ទ ព្រមទាំងរទេះ និងពួកទ័ពសេះគេផង
27. នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយដល់ព្រឹកឡើង ទឹកក៏ហូរប្រសព្វចូលទៅ នៅកន្លែងធម្មតាវិញ ពួកសាសន៍អេស៊ីព្ទក៏នាំគ្នារត់ចេញពីទឹក ប៉ុន្តែព្រះយេហូវ៉ាទ្រង់ផ្តួលគេនៅកណ្តាលសមុទ្រទៅ
28. ហើយទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយនឹងពលទ័ពផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រតាមពួកកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាមួយសោះឡើយ