6. អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរវាង៧ថ្ងៃនោះ ហើយដល់ថ្ងៃទី៧ ត្រូវឲ្យមានបុណ្យថ្វាយព្រះយេហូវ៉ា
7. នៅ៧ថ្ងៃទាំងនោះ ត្រូវឲ្យអ្នករាល់គ្នាបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅនឹងអ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅគ្រប់ក្នុងព្រំស្រុករបស់អ្នករាល់គ្នាផង
8. ហើយនៅក្នុងថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅថា យើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសដល់យើង ក្នុងកាលដែលយើងចេញពីស្រុកអេស៊ីព្ទមក
9. នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្ដីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ
10. ដូច្នេះរាល់តែឆ្នាំ ដល់កំណត់ហើយ ត្រូវឲ្យអ្នករាល់គ្នាកាន់តាមរបៀបនេះ។
11. កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន ដូចទ្រង់បានស្បថនឹងអ្នករាល់គ្នា នូវពួកអយ្យកោ ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នាហើយ
12. នោះត្រូវឲ្យញែកអស់ទាំងកូនដែលកើតមុនបង្អស់ ថ្វាយដល់ព្រះយេហូវ៉ា ឯកូនច្បងដែលកើតពីសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះសុទ្ធតែជារបស់ផងព្រះយេហូវ៉ាទាំងអស់