2. នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រូវញែកអស់ទាំងកូនច្បងចេញទុកសំរាប់អញ គឺជាកូនណាដែលកើតពីពោះម្តាយមកមុនបង្អស់ ទោះមនុស្សឬសត្វក្តី នោះជារបស់ផងអញ។
3. ម៉ូសេក៏ប្រាប់ដល់បណ្តាជនរាល់គ្នាថា ចូរនឹកចាំពីថ្ងៃនេះ គឺពីថ្ងៃដែលអ្នករាល់គ្នាបានចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តខ្លាំងពូកែហើយ ដូច្នេះមិនត្រូវឲ្យអ្នកណាបរិភោគនំបុ័ងមានដំបែទេ
4. គឺនៅថ្ងៃនេះឯងក្នុងខែចេត្រដែលអ្នករាល់គ្នាបានចេញមក
5. ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកអយ្យកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង
6. អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែក្នុងរវាង៧ថ្ងៃនោះ ហើយដល់ថ្ងៃទី៧ ត្រូវឲ្យមានបុណ្យថ្វាយព្រះយេហូវ៉ា
7. នៅ៧ថ្ងៃទាំងនោះ ត្រូវឲ្យអ្នករាល់គ្នាបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅនឹងអ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅគ្រប់ក្នុងព្រំស្រុករបស់អ្នករាល់គ្នាផង
8. ហើយនៅក្នុងថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅថា យើងធ្វើបុណ្យនេះ ដោយព្រោះការដែលព្រះយេហូវ៉ាបានប្រោសដល់យើង ក្នុងកាលដែលយើងចេញពីស្រុកអេស៊ីព្ទមក
9. នោះនឹងបានសំរាប់ជាទីសំគាល់នៅដៃអ្នករាល់គ្នា ហើយក៏ជាសេចក្ដីរំឭកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តយ៉ាងខ្លាំងពូកែហើយ
10. ដូច្នេះរាល់តែឆ្នាំ ដល់កំណត់ហើយ ត្រូវឲ្យអ្នករាល់គ្នាកាន់តាមរបៀបនេះ។
11. កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន ដូចទ្រង់បានស្បថនឹងអ្នករាល់គ្នា នូវពួកអយ្យកោ ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នាហើយ
12. នោះត្រូវឲ្យញែកអស់ទាំងកូនដែលកើតមុនបង្អស់ ថ្វាយដល់ព្រះយេហូវ៉ា ឯកូនច្បងដែលកើតពីសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះសុទ្ធតែជារបស់ផងព្រះយេហូវ៉ាទាំងអស់
13. ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ