15. ដ្បិតកាលផារ៉ោនបានតាំងព្រះទ័យរឹងទទឹងមិនព្រមឲ្យយើងរាល់គ្នាទៅ នោះព្រះយេហូវ៉ាក៏សំឡាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទចោល ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនច្បងនៃពួកសត្វ ដោយហេតុនោះបានជាអញថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមុនបង្អស់ ទៅជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនច្បងបង្កើតរបស់អញ នោះអញលោះវិញ
16. នេះនឹងបានជាទីសំគាល់នៅលើដៃ និងជាស្លាកនៅកណ្តាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តខ្លាំងពូកែ។
17. កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ
18. គឺទ្រង់បាននាំគេដើរពង្វាងតាមផ្លូវទីរហោស្ថាន ក្បែរសមុទ្រក្រហមវិញ ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅទាំងកាន់គ្រឿងសស្ត្រាវុធ
19. ម៉ូសេក៏យកឆ្អឹងខ្មោចយ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឲ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវឲ្យយកឆ្អឹងអញពីទីនេះឡើងទៅជាមួយផង។
20. គេក៏ចេញពីសិកូតទៅដំឡើងត្រសាលនៅឯស្រុកអេថាម ត្រង់ក្បែរទីរហោស្ថាន