33. ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
34. ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ
35. ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
36. ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។
37. ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ
38. ក៏មានមនុស្សសន្ធឹកគ្រប់បែបឡើងទៅជាមួយដែរ ព្រមទាំងហ្វូងចៀមហ្វូងគោគេ ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់
39. គេនាំគ្នាយកម្សៅ ដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយទេ ពីព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះឥតមានឲ្យបង្អែបង្អង់បានទេ បានជាគេមិនបានធ្វើម្ហូបម្ហាសំរាប់តាមផ្លូវឡើយ។
40. រីឯវេលា ដែលពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ នោះបាន៤៣០ឆ្នាំ
41. រួចដល់ផុតពី៤៣០ឆ្នាំនោះទៅ នៅថ្ងៃដដែលនោះឯង ពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទទៅ
42. គឺជាយប់១ដែលត្រូវកាន់យ៉ាងសំខាន់ចំពោះព្រះយេហូវ៉ា ដោយព្រោះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក យប់នោះឯងជាយប់ដែលពួកកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវកាន់យ៉ាងសំខាន់ នៅចំពោះព្រះយេហូវ៉ា នៅអស់ទាំងដំណគេតរៀងទៅ។
43. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា នេះជាច្បាប់សំរាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះឡើយ
44. តែអស់ទាំងបាវបំរើដែលឯងរាល់គ្នាទិញនឹងប្រាក់មក បើកាលណាបានកាត់ស្បែកឲ្យហើយ នោះឲ្យគេបរិភោគទៅបាន
45. ឯអ្នកប្រទេសក្រៅឬជើងឈ្នួល នោះមិនត្រូវបរិភោគទេ
46. ត្រូវឲ្យបរិភោគនៅក្នុងផ្ទះតែ១ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយផង
47. ត្រូវឲ្យពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាធ្វើបុណ្យនេះ