27. នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់យាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ
28. ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ និងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។
29. រីឯនៅកណ្តាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង
30. ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ
31. ផារ៉ោនទ្រង់មានព្រះបន្ទូលហៅម៉ូសេ និងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ
32. ចូរនាំទាំងហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឲ្យពរដល់អញផង
33. ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
34. ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ
35. ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
36. ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។
37. ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ
38. ក៏មានមនុស្សសន្ធឹកគ្រប់បែបឡើងទៅជាមួយដែរ ព្រមទាំងហ្វូងចៀមហ្វូងគោគេ ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់
39. គេនាំគ្នាយកម្សៅ ដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយទេ ពីព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះឥតមានឲ្យបង្អែបង្អង់បានទេ បានជាគេមិនបានធ្វើម្ហូបម្ហាសំរាប់តាមផ្លូវឡើយ។
40. រីឯវេលា ដែលពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ នោះបាន៤៣០ឆ្នាំ