1. ព្រះយេហូវ៉ា ទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេហើយនឹងអើរ៉ុននៅស្រុកអេស៊ីព្ទថា
2. ខែនេះជាខែដំបូង គឺជាខែដើមឆ្នាំសំរាប់ឯងរាល់គ្នា
3. ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១
4. បើផ្ទះណាមានគ្នាតិចពេក មិនល្មមឲ្យអស់កូនចៀម១បាន នោះត្រូវចូលជាមួយនឹងអ្នកជិតខាងតាមចំនួនមនុស្ស ត្រូវឲ្យរាប់ចំនួនមនុស្សតាមដែលគេបរិភោគកូនចៀម១បាន
5. ត្រូវតែយកកូនចៀមឈ្មោលឥតខ្ចោះមានអាយុ១ខួប ទោះពីក្នុងហ្វូងចៀមឬហ្វូងពពែក៏បាន
6. រួចត្រូវទុកវាដល់ថ្ងៃ១៤ខែនេះឯង នោះពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាត្រូវសំឡាប់វានៅវេលាថ្ងៃលិច
7. រួចត្រូវយកឈាមវាប្រឡាក់នៅក្របទ្វារទាំងសងខាង ហើយលើធ្នឹមទ្វាររបស់ផ្ទះដែលគេបរិភោគផង
8. ត្រូវឲ្យគេអាំងសាច់ យកទៅបរិភោគជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីងនៅយប់នោះឯង
9. មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង
10. កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ
11. ហើយត្រូវបរិភោគបែបយ៉ាងនេះ គឺដោយក្រវាត់ចង្កេះ ពាក់ស្បែកជើងទាំងកាន់ដំបងនៅដៃ ហើយត្រូវបរិភោគឲ្យរហ័សផង នេះជាដំណើររំលងនៃព្រះយេហូវ៉ា
12. ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា
13. ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ
14. ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណររៀងរាបតទៅ។