3. នោះម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត
4. បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក
5. វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រិល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង
6. វានឹងចូលពេញក្នុងផ្ទះឯង និងផ្ទះរបស់ពួកបំរើឯង ហើយនឹងផ្ទះនៃពួកសាសន៍អេស៊ីព្ទទាំងអស់ដែរ ដល់ម៉្លេះបានជាឪពុក និងពួកអយ្យកោឯងរាល់គ្នាមិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ នោះលោកក៏ថយចេញពីផារ៉ោនទៅ
7. ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។
8. មានគេនាំម៉ូសេ និងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានព្រះបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ
9. ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា
10. នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នា និងកូនចៅឯងទៅដែរ តែចូរប្រយ័ត្ន ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា
11. ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។
12. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលសល់អំពីព្រិលមក
13. ម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់ ពីខាងកើត បក់មកលើស្រុកនោះ អស់១ថ្ងៃ១យប់ លុះដល់ព្រឹកឡើងក៏បក់ដោយទាំងកណ្តូបមកផង
14. កណ្តូបឡើងមកគ្របលើស្រុកអេស៊ីព្ទទាំងមូល ក៏ទំនៅពេញគ្រប់ទាំងព្រំស្រុក វានាំឲ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ
15. ដ្បិតវាមកគ្របពេញពីលើដី ដល់ម៉្លេះបានជាស្រុកត្រឡប់ទៅជាងងឹត វាក៏ស៊ីដំណាំទាំងអស់នៅក្នុងស្រុក ហើយនឹងអស់ទាំងផ្លែឈើ ដែលរួចអំពីព្រិលមក គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅវាលគ្រប់ក្នុងស្រុកអេស៊ីព្ទឡើយ។
16. នោះផារ៉ោន ទ្រង់ហៅម៉ូសេ និងអើរ៉ុន មកជាប្រញាប់ប្រាប់ថា អញបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយនឹងឯងរាល់គ្នាដែរ
17. ដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្តងចុះ ហើយសូមអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដើម្បីឲ្យទ្រង់បន្ថយសេចក្ដីស្លាប់នេះ ចេញពីអញទៅ
18. លោកក៏ថយចេញពីផារ៉ោនទៅសូមអង្វរដល់ព្រះយេហូវ៉ា