3. នោះម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញដល់កាលណាទៀត
4. បើឯងមិនព្រមឲ្យរាស្ត្រអញចេញទៅទេ នោះមើល ដល់ថ្ងៃស្អែក អញនឹងនាំហ្វូងកណ្តូបមកក្នុងស្រុក
5. វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រិល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង
6. វានឹងចូលពេញក្នុងផ្ទះឯង និងផ្ទះរបស់ពួកបំរើឯង ហើយនឹងផ្ទះនៃពួកសាសន៍អេស៊ីព្ទទាំងអស់ដែរ ដល់ម៉្លេះបានជាឪពុក និងពួកអយ្យកោឯងរាល់គ្នាមិនដែលឃើញដូច្នោះឡើយ តាំងពីគេកើតឡើងរហូតដល់ឥឡូវនេះ នោះលោកក៏ថយចេញពីផារ៉ោនទៅ
7. ឯពួកមហាតលិករបស់ផារ៉ោន គេទូលថា តើទុកឲ្យមនុស្សនោះធ្វើជាអន្ទាក់ដល់យើងរាល់គ្នាដល់កាលណាទៀត សូមឲ្យគេចេញទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃគេទៅចុះ តើទ្រង់មិនទាន់ជ្រាបថាស្រុកអេស៊ីព្ទខូចអស់ហើយទេឬអី។
8. មានគេនាំម៉ូសេ និងអើរ៉ុនមកឯផារ៉ោនវិញ នោះទ្រង់មានព្រះបន្ទូលថា ទៅចុះ ទៅថ្វាយបង្គំព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាចុះ តើមានអ្នកណាខ្លះដែលទៅ
9. ម៉ូសេទូលឆ្លើយថា យើងខ្ញុំនឹងទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុសកូនស្រី ហើយនឹងហ្វូងចៀមហ្វូងគោរបស់យើងខ្ញុំទាំងអស់គ្នា ដ្បិតនេះគឺជាបុណ្យព្រះយេហូវ៉ាសំរាប់យើងខ្ញុំរាល់គ្នា
10. នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នា និងកូនចៅឯងទៅដែរ តែចូរប្រយ័ត្ន ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា
11. ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។
12. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរលើកដៃឡើងលើស្រុកអេស៊ីព្ទ ដើម្បីឲ្យកើតមានកណ្តូបមកលើស្រុក ឲ្យវាស៊ីដំណាំទាំងប៉ុន្មានដែលសល់អំពីព្រិលមក